គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ក្រុមហ៊ុនខនហ្វីរេលទទួលស្វាគមន៍សហគ្រិនខ្មែរថ្មីជាង៣០រូប

កាលបរិច្ឆេទ: ១០ វិច្ឆិកា ២០២៥ / កសិកម្ម / Author : ATH Sokren

កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុនខនហ្វីរេលបានបើកទ្វារទទួលស្វាគមន៍សហគ្រិនខ្មែរថ្មីប្រមាណជាង៣០រូបមកពីសហគ្រាសធុនតូច និងមធម្យម​ ដែលភាគច្រើនសកម្មក្នុងការកែច្នៃ និងផលិត ផលិតផលចំណីអាហារ។ ដំណើរទស្សនកិច្ចបែបវិជ្ជាជីវៈនេះរៀបចំឡើងដោយសមាគមសហគ្រិនខ្មែរ។

អ្នកចូលរួមដែលមកពីវិស័យផ្សេងៗដូចជា ផ្នែកកែច្នៃកសិចំណីអាហារ ផ្នែកសេវាកម្មភោជនីយដ្ឋាន ផ្នែកផ្តល់ទីប្រឹក្សាចំណីអាហារ ផ្នែកចែកចាយ និងផ្នែកដំណាំហូបផ្លែនៅខេត្តកំពត បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ចាម បានមកជួបជុំគ្នាដើម្បីផ្តោះប្តូរបទពិសោធន៍ទាក់ទិននឹងការអនុវត្តន៍សហគ្រិនភាពល្អ។

លោកសាកេត សុផាសីលា នាយកតំណាងឱ្យលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដែលជាស្ថាបនិក និងប្រធានក្រុមហ៊ុនខនហ្វីរេល ជាអ្នកទទួលស្វាគមន៍គណៈប្រតិភូ និងបានចាក់បញ្ចាំងខ្សែភាពយន្តឯកសារស្តីពីប្រវត្តិរបស់ក្រុមហ៊ុន។ លោកបានរម្លឹកពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់លោកឧកញ៉ាឱសថបណ្ឌិតហៃ​ លីអ៊ាងៈ លើកតម្លៃផលិតផលកេរពីដូនតាដើម្បីលើកកម្ពស់ជីវភាពកសិករនៅតាមជនបទ តាមរយៈការគាំទ្រវិស័យស្ករត្នោត (ម៉ាកThnot) ម្រេចកំពត និងអភិវឌ្ឍផលិតផលប្រហុកដែលរហូតមកទល់ពេលនេះពុំទាន់មានការកែច្នៃឱ្យបានទូលំទូលាយនៅឡើយទេ។

ក្នុងជំនួបរយៈពេលមួយម៉ោងនៅ Showroom ចោមចៅ សហគ្រិនបានសម្តែងពីឆន្ទៈរបស់ខ្លួនក្នុងការក្រេបយកបទពិសោធន៍ និងយោបល់ដើម្បីគ្រប់គ្រងគម្រោងរបស់ខ្លួនឱ្យបានរលូន។ ទាក់ទិននឹងចំណុចនេះដែរ លោកសាកេត សុផាសីលា បានសង្កត់ធ្ងន់លើសារសំខាន់នៃសុវត្ថិភាពចំណីអាហារ ដែលជាបញ្ហាចម្បងសម្រាប់អ្នកប្រើប្រាស់ និងគំនិតច្នៃប្រឌិតដោយមិនចម្លងតាមគេ «ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃសហគ្រាសរបស់ពួកគេ»៕